ពែក​មី ឃើញ​ស្ថានភាព​យាយ​ដើរ​បេះ​ត្រកួន​លក់​ម្នាក់ ពិបាក​ចិត្ត​ដល់​ថ្នាក់​ដេក​មិន​លក់

បន្ទាប់​ពី​ឃើញ​វីដេអូ លើ​បណ្ដាញ​សង្គម របស់​លោក​យាយ​ម្នាក់​ដើរ​​បេះ​ត្រកួន ដើម្បី​រក​ប្រាក់​មក​ចិញ្ចឹម​ជីវិត យ៉ាង​លំបាក​វេទនា តារា​កំប្លែង​នាយ ពែកមី បាន​ឲ្យ​ដឹង​ថា លោក​ចាប់​ផ្ដើម​មាន​អារម្មណ៍​ក្ដុកក្ដួល ពិបាក​ចិត្ត​រហូត​ដល់​ដេក​មិន​លក់។

បែប​នេះ តារា​កំប្លែង​វិវត្ត​ខ្លួន​មក​ពី​កម្មករ​សំណង់​បញ្ជាក់​ថា លោក​ក៏​បាន​កៀរគរ​​មិត្តភ័ក្ដិ​របស់​ខ្លួន យក​ទៅ​ជួយ​លោក​យាយ ហើយ​ទី​បំផុត​ក៏​រក​ជំនួយ​មួយ​ចំនួន ដែល​ប្រាក់​សរុប​បាន​មក​នោះ​មាន​រហូត​ដល់​ទៅ​៤លាន​រៀល ខណៈ​ដែល​លោក​យាយ​ដើរ​បេះ​ត្រកួន​លក់​បាន​១ថ្ងៃ​ត្រឹម​តែ​៥ពាន់​រៀល​ប៉ុណ្ណោះ។

លោក​យាយ​ដែល​មាន​សំណាង​ត្រូវ​បាន​នាយ ពែក​មី ជួយ​នេះ មាន​ឈ្មោះ សុន វ័យ​ប្រហែល​៧០ឆ្នាំ​ជាង រស់​នៅ ភូមិ ស្រែ​រំដួល ឃុំ អណ្ដូង​កណ្ដាល ស្រុក ស្ទឹងត្រង់ ខេត្ត កំពង់ចាម។ ពែក​មី​បាន ប្រាប់​ថា ក្រោយ​ពី​ឃើញ​​ពី​ជីវភាព​លោក​យាយ​ខាង​លើ ធ្វើ​ឲ្យ​លោក​ដេក​​មិន​លក់​សោះ មាន​ចិត្ត​ចង់​ជួយ​លោក​យាយ​ម្នាក់​នេះ​ជា​ខ្លាំង បន្ទាប់​មក​លោក​ក៏​បាន​កៀរគរ​​​សប្បុរសជន​ដែល​ជា​មិត្តភ័ក្ដិ និង​​ជា​ដៃគូ​រក​ស៊ី​ជា​មួយ​គ្នា​ក៏​បាន​ប្រាក់​ចំនួន​៤លាន​រៀល ក្នុង​នោះ៖

១.ក្រុម​ហ៊ុនត្រាសមី​ វីឡា​កំពង់ចាម​ ១លាន​រៀល ២.ពែក​មី ៤០ម៉ឺន​រៀល ៣.លោក ហេង ឡុង ៤០ម៉ឺន​រៀល ៤.ឧកញ៉ា ឡេង ណា​វ៉ាត្រា ៤០ម៉ឺន​រៀល ៥.លោក ហួត ជា ៤០​ម៉ឺន​រៀល ៦. អ្នកនាង​ ខ្ញុង ៤០ម៉ឺន​រៀល ៧.កញ្ញា​ កែវ វត្តី​ ៤០ម៉ឺន​រៀល ៨.ក្រុមហ៊ុន​អេតសឹលូសិន​រៀល​អ៊ីស្ទេត ២០ម៉ឺន​រៀល ៩.ក្រុម​ជាង​មាស បង​ប្អូន​វិបុល​ ២០ម៉ឺន​រៀល ១០.​សប្បុរស​ជន​ផ្សេង​ៗ​ ២០ម៉ឺន​រៀល។ ​​សរុប​ថវិកា​ទាំង​អស់​ជូន​លោក​យាយ៤ លាន​រៀល។

លោក​ថ្លែង​ថា ថវិកា​ខាង​លើ និង​ជួយ​​សម្រួល​ដល់​ជីវភាព​លោក​យាយ យ៉ាង​តិច​ក៏​បាន​២ឆ្នាំ​ផង​ដែរ ខណៈ​ដែល លោក​យាយ​ដើរ​បេះ​ត្រកួន​លក់​បាន​ត្រឹម​តែ​៥ពាន់​រៀល​ប៉ុណ្ណោះ​ក្នុង​១ថ្ងៃ។ ​នេះ​មិនមែន​ជា​លើក​ទី១​ឡើយ របស់​នាយ​ពែកមី ដែល​​រួម​ចំណែក​លើ​​ការងារ​សប្បុរសធម៌​នេះ ជា​រឿយៗ​តារា​កំប្លែង​មាន​កំណើត​ពី​ខេត្ត ស្វាយ​រៀង​រូប​នេះ​តែង​តែ ដើរ​ធ្វើ​បុណ្យ​ធ្វើ​ទាន ជា​ញឹក​ញាប់។

ប៉ុន្មាន​ថ្ងៃ​មុន​នេះ លោក​ក៏​បាន​ចុះ​ទៅ​ចែក​អំណោយ​ដល់​ពលរដ្ឋ​រក​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ជា​ច្រើន​គ្រួសារ នៅ​ស្រុក​ពោធិ៍រៀង ខេត្ត ព្រៃវែង ជា​មួយ ព្រះ​​អង្គ​គូ សុភាព ផង​ដែរ៕

អត្ថបទ៖ ស៊ុន ហួត

Leave a Reply

Your email address will not be published. Required fields are marked *