តារា​កំប្លែង​ជើងចាស់ សានម៉ៅ កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ

តាម​ព័ត៌មាន​ដែល​ទទួល​បាន​ព្រឹក​នេះ បាន​ឲ្យ​ដឹង​ថា តារា​កំប្លែង​ជើង​ចាស់​នាយ សានម៉ៅ បាន និង​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​កាល់​ម៉ែត្រ។ នេះ​បើ​តាម​លោក ហេង ឡុង បញ្ជាក់។

លោក សានម៉ៅ ត្រូវ​បាន​គេ​ឃើញ​គេ​សម្រាក​នៅ​គ្រែ​ពេទ្យ​ក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់​ដោយ​មាន ឧបករណ៍​ជំនួយ​ការ​ការ​ដក​ដង្ហើម​ផង។ ស្ថានភាព​នោះ គេ​បាន​ឃើញ​អ្នក​នាង ចន ច័ន្ទលក្ខិណា ប្រធាន​សមាគម​សិល្បករ​ខ្មែរ ក៏​បាន​យក​អំណោយ​ជា​ថវិកា​មួយ​ចំនួន​ទៅ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​ដោះស្រាយ​លើ​ការ​ព្យាបាល​ផង។

យ៉ាង​ណា មិន​ទាន់​មាន​របាយការណ៍​ថា មាន​ជំងឺ​អ្វី​ពិត​ប្រាកដ​ដែល​ឈាន​ទៅ​ដល់​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ដូច្នេះ​ឡើយ។ ប៉ុន្តែ​កន្លង​មក គេ​ដឹង​ថា សមាជិក​ក្រុម​កំប្លែង​នាយ កុយ រូប​នេះ មាន​ជំងឺ​ទឹកដក់​ក្នុង​សួត បេះ​ដូង និង​ជំងឺ​ទឹក​នោម​ផ្អែម​ផង។ជាក់​ស្ដែង​ជំងឺ​ទាំង​ប៉ុន្មាន​មុខ​ខាង​លើ ក៏​ធ្លាប់​បាន​រុករាន​តារា​កំប្លែង​រហូត​ដល់​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ម្ដង​រួច​មក​ហើយ​កាល​ពី​ដើម​ឆ្នាំ ២០១៨។

នាយ សាន ម៉ៅ មិន​មែន​ជា​សិល្បករ​ជើង​ចាស់​តែ​ម្នាក់​ទេ ដែល​កំពុង​រួម​រឹត​ដោយ​ជំងឺ​ធ្វើ​ឲ្យ​រាងកាយ​ទ្រុឌទ្រោម​ខ្លាំង។ សិល្បករ​ជើង​ចាស់​២​រូប​ទៀត គឺ​លោក ប្រាក់ សារួន តារា​កំប្លែង​នាយ ក្ដិប ក៏​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឲ្យ​បារម្ភ​ដូច​គ្នា​៕

Leave a Reply

Your email address will not be published. Required fields are marked *